អ្នកណា​មានខ្លួន​ភ័យ​ទៅ​! ​មេធាវី​តំណាង​ភរិយា​កវី គង់ ប៊ុន​ឈឿន ព្រមាន​វិធានការ​តាមផ្លូវ​ច្បាប់

ភ្នំពេញ ៖ ​សង្កេតឃើញ​ការលួចចម្លង​ស្នាដៃ​កវី គង់ ប៊ុន​ឈឿន ធ្វើ​អាជីវកម្ម​ខុសច្បាប់ ការយកទៅ​ច្រៀង​ឡើងវិញ ការកែ​ឃ្លាឃ្លោង ការកែ​សាច់ភ្លេង និង​ធ្វើ​អាជីវកម្ម​តាម​ទីតាំង​នានា​នៅលើ​បណ្តាញ​សង្គម​ផ្សេងៗ​នោះ​ មេធាវី​តំណាង​ឲ្យ​ភរិយា​លោក គង់ ប៊ុន​ឈឿន លោក ពេជ្រ អង្គ បានប្រកាស​ព្រមាន​តាមផ្លូវ​ច្បាប់​លើ​តារាចម្រៀង អ្នកនិពន្ធ ឬ​បុគ្គល​ណា​ដែល​បាន​លួច​ចម្លង​ស្នាដៃ​មរតក​ដើម​លោក គង់ ប៊ុន​ឈឿន។

លោក ពេជ្រ អង្គ បាន​ចាត់ទុកថា​ទង្វើ​រំលោភ​លើ​សិទ្ធិ​បទ​ចម្រៀង​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ភរិយា​លោក គង់ ប៊ុន​ឈឿន គឺ​លោកស្រី គាត គឹម​លន។ ម្យ៉ាងទៀត​ទង្វើ​​នេះ​គឺជា​ការរំលោភ​ដ៏​ធ្ងន់ធ្ងរ​លើ​ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល​ឆ្នាំ​២០០៣​និង​ជាពិសេស​លើ​សិទ្ធិ​បេតិកភណ្ឌ​និង​/​ឬ​សិទ្ធិ​សីល​ធម៌​របស់​លោកស្រី គាត គឹម​លន ដែល​ធ្វើ​ឲ្យ​លោកស្រី​មានការ​ឈឺចាប់។

លោក​បញ្ជាក់ថា ​ករណី​ក៏​ជាការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​ដល់​ការខិតខំ​ប្រឹងប្រែង និពន្ធ​ស្ទើរ​មួយជីវិត​របស់លោក គង់ ប៊ុន​ឈឿន ហើយ​ទង្វើ​នេះ​ក៏​ជាការ​ធ្វើ​ឲ្យ​អ្នកនិពន្ធ​នានា​រួញរា​ក្នុងការ​បង្កើត​បទ​ចម្រៀង​ដើម​ថ្មីៗ​នាពេលខាងមុខ​ដែរ​និង​មិនបាន​រួមចំណែក​អ្វី​ទាន់​តែ​សោះ​ដល់​ការអភិវឌ្ឍន៍​វប្បធម៌​និង​សង្គម​។​លោក ពេជ្រ អង្គ បានប្រកាស​ព្រមាន​ដូច្នេះ​ថា​ស្នើរ​ឲ្យ​អ្នក​ដែល​បាន​រំលោភ​លើ​សិទ្ធិ​ទាំងនេះ​បញ្ឈប់​និង​ដកហូត​បទ​ចម្រៀង​និង​បទ​ភ្លេង​ទាំងនេះ​ចេញពី​ប្រព័ន្ធ​ចែកចាយ​និង​ទីតាំង​ធ្វើ​អាជីវកម្ម​នានា​ជាបន្ទាន់​។​ក្នុងការ​ណី​បន្ត​លោក​និង​ពិចារណា​ចាត់វិធានការ​តាមផ្លូវ​ច្បា​បប់។

លោក​បន្ថែមថា​ ចំពោះ​អ្នក​ដែលមាន​បំណង​ទទួល​សិទ្ធិ​ក្នុង​ការធ្វើ​អាជីវកម្ម ការផលិត​ឡើងវិញ ក្នុង​ទម្រង់​បែបណា​មួយ​លើ​ស្នាដៃ​ទាំងនេះ​លោកស្រី គាត គឹម​លន រីករាយ​និង​ពិភាក្សា​អំពី​ការផ្តល់​សិទ្ធិ​ធ្វើ​អាជីវកម្ម​តាមរយៈ​លោក​មេធាវី ពេជ្រ អង្គ ឬ​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម​តូរ្យតន្ត្រី​កម្ពុជា​ដែល​នឹង​ចេញ​ជា​រូបរៀង​ផ្លូវការ​នាពេល​ឆាប់ៗ​ខាងមុខ។

សូមជម្រាបថា​ភរិយា​កវី គង់ ប៊ុន​ឈឿន គឺ​លោកស្រី គាត គឹម​លន កាលពី​ថ្មីៗ​នេះ​ត្រូវបាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កាលពី​កន្លងមក​បានសម្រេច​ប្រគល់​សិទ្ធិ​គ្រប់គ្រង​លើ​បទ​ចម្រៀង​ចំនួន​សរុប​៥៥​បទ​ដែលជា​ការទទួល​មរតក​បន្ត​ពី​លោក​កវី គង់ ប៊ុន​ឈឿន៕

 

Related posts