អ្នកស្រី អ៊ឹម ផល្លា ទទួលបាន​ការឧបត្ថម្ភ​និង​យកចិត្តទុកដាក់​ពី​សមាគម​សិល្បករ​ខ្មែរ

ភ្នំពេញ ​៖​ ស្រប​ពេលដែល​មានការ​រៀបរាប់​យ៉ាង​ភ្ញាក់ផ្អើល ​និង​កម្សត់​ពី​តារា​ជើងចាស់​អ្នកស្រី អ៊ឹម ផល្លា ថា ​គាត់​ប៊ិះ​នឹង​បញ្ចប់ជីវិត​តាមរយៈ​ការ​លោតទឹក​សម្លាប់ខ្លួន​ព្រោះតែ​គ្មាន​លទ្ធភាព​ដើម្បី​បង់ថ្លៃ​ផ្ទះជួល​ ហើយក៏​ត្រូវបាន​ម្ចាស់ផ្ទះ​ចាក់សោ​ទ្វា​មិន​ឲ្យ​ចូល​ស្នាក់នៅ ​ខណៈដែល​បច្ចុប្បន្ន​គាត់​ក៏មាន​ជំងឺ​ប្រចាំកាយ​ផង​នោះ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​អាណិត​គាត់។

ដំណឹង​នេះ​ បាន​កំពុង​និងធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​បង្ហាញ​ពី​ការអាណិតអាសូរ​ និង​ចាប់អារម្មណ៍​ខ្លាំង​ ក្រោយ​ពេល​ដែល​តារា​ជើងចាស់​រូបនេះ​ ត្រូវបាន​ម្ចាស់​ផ្ទះជួល​ចាក់សោ​ទ្វារ​មិន​ឲ្យ​ចូល​ផ្ទះ​ព្រោះតែ​ហេតុផល​គ្មាន​លទ្ធភាព​បង់ថ្លៃ​ផ្ទះ​ជួល​គេ​រយៈពេល​៤​ទៅ​៥​ខែ​មក​នោះ។ យ៉ាងណាមិញ​អ្នកស្រី អ៊ឹម ផល្លា ពេលនេះ​ក៏​ទទួលបាន​ការយកចិត្ត​ទុកដាក់​និង​ជួយឧបត្ថម្ភ​បន្ថែម​ពី​ខាង​សមាគម​សិល្បករ​ខ្មែរ​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា។

ជាក់ស្តែង​លោក​ហេង ឡុង ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ​បាន​លើកឡើង​ថា នេះ​មិនមែន​ទើប​ជា​លើកទីមួយ​ទេ​ ដែល​អ្នក​មីង អ៊ឹម ផល្លា បាន​ទទួល​អំណោយ​ពី​មូលនិធិ​សិល្បៈ​ចាស់ជរា​របស់ សមាគម​សិល្បករ​ខ្មែរ។ ដោយ​លើក​ទី​១,​នៅ​ថ្ងៃទី​០៤ ​ខែកក្កដា ឆ្នាំ​២០១៨ ,​លើក​ទី​២ នៅ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៩ ,​លើ​ទី​៣ នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩​និង​លើក​៤ នៅ​ថ្ងៃទី​១៥​ខែតុលា ឆ្នាំ​២០១៩។

ស្វាមី​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ,​លោក ហេង ឡុង​បាន​បន្ថែម​ឲ្យ​ដឹង​ទៀតថា ​តារា​ជើងចាស់​អ្នកស្រី អ៊ឹម ផល្លា ក៏​នឹង​ទទួល​បាន​សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ពី​សមាគម​សិល្បករ​ខ្មែរ​ជាមួយនឹង​មន្ទីរពេទ្យ​ជា​ដៃគូ​សហការ៕

 

Related posts