ឧត្ដមសេនីយ៍ សុខ សួន​ព្រលឹង និង ភរិយា​លួច​លក់​ផ្ទះ​ម្ដាយធម៌​ជនជាតិ​បារាំង

ភ្នំពេញ ៖ លោក​ផែង វណ្ណៈ ​អ្នក​លេង​ហ្វេសប៊ុក​ដ៏​ល្បី​មួយ​រូប​បាន​បញ្ជាក់ថា ​នៅ​ព្រឹក​ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២០ នេះ លោកយាយ LORRAIN ep KLEIN Dominique Marie Alizabeth អាយុ ៧៥ ឆ្នាំ ជនជាតិ បារាំង អតីត​ប្រធាន​អង្គការ សម្រស់​ភក្ត្រា​កុមារ​ខ្មែរ ESK លោក​ដើម្បី​អោយជួយ​លោកយាយ​អំពី​រឿង​កូនធម៌​លោកយាយ​លួច​លក់​ផ្ទះ​លោកយាយ​នៅ​សង្កាត់ ផ្សារដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

លោក​ផែង​ វណ្ណៈ បញ្ជាក់​លើផេករបស់ខ្លួនកាលពីយប់ថ្ងៃទី៧ ខែមករា ថា លោកយាយ KLEIN បាន​រៀបរាប់ថា លោកយាយ​មក​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ ១៩៩០​ជាង ដើម្បី​បើក​អង្គការ​មួយ​ជួយ​កុមារ​កម្ពុជា។ លុះដល់​ឆ្នាំ ១៩៩៦ លោកយាយ បាន​ស្គាល់ឈ្មោះ សុខ សួន​ព្រលឹង និង​បាន​ស្រលាញ់​ពេញចិត្ត​យក​លោក សុខ សួន​ព្រលឹង ធ្វើជា​កូនធម៌។

​នៅ​ឆ្នាំ ២០០៥ លោកយាយ KLEIN បាន​ទិញ​ផ្ទះ​និង​ដី​មួយកន្លែង​គឺ​ផ្ទះ​លេខ ១៩ ផ្លូវ​លេខ ១៤៥ ក្រុមទី ២៣ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន តម្លៃ ៦៥០០០ ដុល្លារ ពី​ឈ្មោះ ជា អាន និង គង់ ច​ន្ធី ។ ប៉ុន្តែ ដោយ​លោកយាយ KLEIN ជា​ជនជាតិ បារាំង មិនអាច​ឈរឈ្មោះ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដីធ្លី​ផ្ទះសំបែង​បាន លោកយាយ​បានអោយ ដាក់ឈ្មោះ​កូនធម៌​លោកយាយ​គឺ ឧត្ដមសេនីយ៍ សុខ សួន​ព្រលឹង ជា​ម្ចាស់​កម្មសិទ្ធិ។ បន្ទាប់មក​លោកយាយ​បានធ្វើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​កូនធម៌ ដោយ​កូនធម៌ សុខ សួន​ព្រលឹង មាន​សិទ្ធិ​ត្រឹមតែ​រស់នៅ តែ​គ្មាន​សិទ្ធិ លក់ដូរ ជួល បញ្ចាំ ឬ ផ្ដល់​អំណោយ ឬ ផ្ទេរ​អោយ​អ្នកដទៃ​​ឡើយ។

ស្រាប់តែ​នៅ​ឆ្នាំ ២០១៩ កូនធម៌​លោកយាយ ដែលជា​ឧត្ដមសេនីយ៍ត្រី សុខ សួន​ព្រលឹង នាយ​នគរបាលជាតិ​ជាន់ខ្ពស់ នៅ​សាលា​បណ្ឌិតសភា​នគរបាល និង ប្រពន្ធ​ឈ្មោះ អ៊ុំ វណ្ណា នាយទាហាន​ស័ក្ដិ​ប្រាំ បាន​លួច​លក់​ផ្ទះ​លោកយាយ​អោយទៅ​អ្នកដទៃ​ដោយ​មិនបាន​ប្រាប់​លោកយាយ​អោយដឹង និង មិនបាន​យកលុយ​មក​ប្រគល់អោយ​លោកយាយ​ជា​ម្ចាស់ផ្ទះ​ឡើយ។

លោក​បន្ត​ថា លោកយាយ KLEIN បាន​ព្យាយាម​ទាក់ទង​ទៅ​កូនធម៌​ជា ឧត្ដមសេនីយ៍ត្រី សុខ សួន​ព្រលឹង និង ប្រពន្ធ ឈ្មោះ អ៊ុំ វណ្ណា អោយចេញ​មុខមក​ដោះស្រាយ​ជាមួយ​លោកយាយ តែ​កូនធម៌​រូបនោះ​ចេះតែ​ពន្យារ​ពេល​រហូត ។ ហេតុនេះហើយ​ ទើប​លោកយាយ​មក​ពឹង ខ្ញុំ ផែង វណ្ណៈ អោយជួយ​អន្តរាគមន៍។

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​លោកយាយ​KLEIN នៅ​ព្រឹក​ដដែល​នេះ ខ្ញុំ​បាន​ទូរស័ព្ទ​សួរ​ទៅ​លោក សុខ សួន​ព្រលឹង ដើម្បី​បញ្ជាក់​អំពី​បញ្ហា​នេះ លោក​ឧត្ដមសេនីយ៍ សុខ សួន​ព្រលឹង បាន​ទទួលស្គាល់ថា គាត់​ពិតជា​បាន​លក់​ផ្ទះ​នោះ​មែន​បាន​តម្លៃ​ជាង ៥០ ម៉ឺន​ដុល្លារ។ លោក​ឧត្ដមសេនីយ៍ សុខ សួន​ព្រលឹង បាន​អោយដឹងទៀតថា ការលក់​ផ្ទះ​នេះ ម្ដាយធម៌​គាត់​អោយ​លក់​ដែរ ។ លោក​ឧត្ដមសេនីយ៍​បាន​បន្ថែមថា លោក​សុំអោយ​លុយ ១៥ ម៉ឺន ដុល្លារ ទៅ​ម្ដាយធម៌​លោក​ដែរ តែ​សុំ​ពេល ៣ ខែ ទៀត តែ​ម្ដាយធម៌​មិន​ព្រម។

​ទោះជា​យ៉ាងណាក្ដី​លោកយាយ KLEIN នៅតែ​អះអាងថា លោកយាយ មិនបាន​អោយ កូនធម៌​ឈ្មោះ ឧត្ដមសេនីយ៍ សុខ សួន​ព្រលឹង និង ប្រពន្ធ លក់​ផ្ទះ​លោកយាយ​ទេ។

លោក ផែង វណ្ណៈ ​បញ្ជាក់​ថា ​ពាក់ព័ន្ធ​នឹង​រឿងនេះ អ្នកច្បាប់​មួយរូប​បានអោយដឹងថា ទង្វើ​របស់លោក​ឧត្ដមសេនីយ៍ត្រី សុខ សួន​ព្រលឹង និង ប្រពន្ធ គឺជា អំពើល្មើស​ច្បាប់​ដែល​អាច​ប្រឈម​នឹង​បទ​ល្មើស​រំលោភ​​លើសេចក្ដីទុកចិត្ត។ បើលោកយាយ​ជនជាតិ​បារាំង​នោះ​ប្ដឹង លោក​ឧត្ដមសេនីយ៍ត្រី សុខ សួន​ព្រលឹង មិនអាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​បាន​​ឡើយ៕

    

Related posts