​Angelina Jolie​ ថ្លែង​សារ​រំលែក​ព្រះរាជ​មរណទុក្ខ ​សម្តេច​ព្រះរាជ​បុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី

ភ្នំពេញ ​៖ ​ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ និង​សិល្បករ​-​សិល្បការិនី​ខ្មែរ​ទូទាំងប្រទេស​បាន​និង​កំពុងកាន់​ទុក្ខ​ដ៏​ក្រៀមក្រំ ​បន្ទាប់ពី​សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី បាន​យាង​សោយទិវង្គត​នោះ ​តារាភាពយន្ត​ល្បីឈ្មោះ​Angelina Jolie​ក៏បាន​ថ្លែង​ចូលរួម​រំលែក​ព្រះរាជ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​អម​ជាមួយ​រូបភាព​អនុស្សាវរីយ៍​សម្តេច​ព្រះរាជ​បុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ផងដែរ។

ខ្លឹមសារ​ ដែល​តារាភាពយន្ត​ល្បីឈ្មោះ​របស់​ហូ​លី​វ៉ូត Angelina Jolie​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូប​អនុស្សាវរីយ៍​របស់​សម្តេច​ព្រះរាជ​បុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សមាជិកា​ក្រុម ប្រឹក្សា​ធម្មនុញ្ញ និង​ជា​អតីតរដ្ឋមន្ត្រី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នោះ ​នាង​បាន​សរសេរ​ភាសា​អង់គ្លេស​ចូលរួម​រំលែក​ព្រះរាជ​មរណទុក្ខ​ដែល​សម្រាយ​ជា​ភាសា​ខ្មែរ​មានន័យថា​ សូម​ចូលរួម​ព្រះរាជ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ចំពោះ​សម្តេចព្រះ​រាជបុត្រី បុប្ផា​ទេវី​ជាទី​ស្រឡាញ់​។​ការចងចាំ​នេះ ​នឹងមិន​ត្រូវបាន​បំភ្លេចចោល​ឡើយ។

សូមជម្រាបថា ​ព្រះ​សព​របស់​សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី បាន​ដង្ហែ​តាម​ជើងយន្តហោះ​ពិសេស​ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ​ឆ្ពោះ​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ហើយ​នៅវេលា​ម៉ោងជាង​០៧​យប់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩។

ក្បូន​ព្រះទីនាំង​ព្រះ​បរម​រាជ​រាំង​អមដោយ​មន្ត្រី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ អ្នកសារព័ត៌មាន​សិល្បករ​-​សិល្បការិនី ប្រជាព​រដ្ឋ​ខ្មែរ និង​សិស្សានុសិស្ស​ច្រើន​កុះករ​បាន​ចូលរួម​អម​ព្រះរាជ​ដង្ហែ​ក្បូន​ព្រះ​សព​របស់​ទ្រង់​ទាំង​ទឹកមុខ​ក្រៀមក្រំ​និង​រំលែក​ទុក្ខ​សោកសៅ ជាមួយ​ដំណក់​ទឹកភ្នែក​ស្រណោះ​អាឡោះអាល័យ​ជាទីបំផុត។

ព្រះ​សព​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី នឹងត្រូវ​បូជា​ថ្ងៃ​ច័ន្ទ ទី​២៥ ខែវិច្ឆិកា ដើម​សប្ដាហ៍​ក្រោយនេះ​នៅ​វាល​ព្រះមេរុ មុខ​វត្ត​បទុម​វ​តី​។​ ជាមួយគ្នានេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ណែនាំ​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័នរដ្ឋ​ទាំងអស់​នៅ​ថ្ងៃទី​២០​ខែ​វិច្ឆិកា​ត្រូវ​ទម្លាក់​ទង់ជាតិ​ត្រឹម​ពាក់​កណ្តាល​ដើម្បី​កាន់ទុក្ខ​ព្រះ​សព​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី។

ដោយឡែក​ក្រសួងទេសចរណ៍​ក៏បាន​ណែនាំ​ឲ្យ​ផ្អាក​អាជីវកម្ម​គ្រឿង​ស្រវឹង​ពេញ​មួយថ្ងៃ​គឺ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា​នេះ ដើម្បី​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​សព សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ផងដែរ៕

Related posts