តាមពិត​ចឹង​សោះ! អ្នកស្រី​ទ្រី ដា​ណា ទម្លាយ​គ្មាន​សល់​ពី​មូលហេតុ​ជួយ​អ្នកដទៃ​​ ក៏​ព្រោះតែ​…

អ្នកស្រី​ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ តាំងពី​លេច​វត្តមាន​ល្បីល្បាញ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កមក គេ​សង្កេត​ឃើញថា អ្នកស្រី​ ចាប់ផ្ដើម​ធ្វើ​សកម្មភាព​មនុស្សធម៌​ជា​បន្តបន្ទាប់​រហូត​មក​ដល់ពេល​បច្ចុប្បន្ន​នេះ​។​

ការជួយ​អ្នកដទៃ​រហូតមកដល់​ពេលនេះ អ្នកស្រី បាន​ទម្លាយ​ពី​មូលហេតុ​ហើយ ដោយ​អ្នកស្រី​មិន​ខ្វល់​ថា អ្នក​ដែល​ខ្លួន​ជួយ​ជា​អ្នកណា ហើយ​ជួយ​គេ​ហើយ​បាន​អ្វី​មកវិញ​នោះទេ សំខាន់​អ្នកស្រី​ចង់បាន​ស្នាមញញឹម​ពី​ពួកគេ​ប៉ុណ្ណោះ​។​

ជាក់ស្ដែង ​ថៅកែ​ហាងពេជ្រ​ចិត្តធម៌​រូប​នេះ បាន​បង្ហោះ​រូបថត​១​សន្លឹក​នៅ​រសៀលថ្ងៃ​ទី៦​ ខែ​ឧសភា ដោយ​បញ្ជាក់​ដូច្នេះ​ថា «ខ្ញុំ​មិន​ខ្វល់​ថា​អ្នក​ដែល​ខ្ញុំ​ជួយ​នោះ​ជា​អ្នកណា មិន​ខ្វល់​ថា​ជួយ​ហើយ​បាន​អ្វី​មកវិញ សំខាន់​ខ្ញុំ​ដឹង​ត្រឹម​ថា​សកម្មភាព​អស់នេះ​ធ្វើឱ្យ​ខ្ញុំ​សប្បាយចិត្ត​☺️☺️☺️ ឃើញ​ទឹកមុខ​ពួកគាត់​ដែល​កំពុង​ជួប​ការលំបាក ឃើញ​ទឹកមុខ​ញញឹម​រីករាយ​នៅពេល​ដែលមាន​គេ​ជួយ ពិតជា​ក្ដីរំភើប​មួយ​សម្រាប់​ខ្ញុំ​។

ខ្ញុំ​ធ្លាប់​ជួប​ការលំបាក ខ្ញុំ​ដឹងថា​អារម្មណ៍​ដែលមាន​គេ​ជួយ វា​កក់ក្ដៅ​ប៉ុណ្ណា ទោះបី​អ្នកខ្លះ​មាន​ហើយ​ក៏ដោយ ប៉ុន្តែ​វា​ជា​អារម្មណ៍​ទទួលបាន​ការ​យកចិត្តទុកដាក់​។

ដឹង​ទេ នៅពេលដែល​អ្នក​កំពុង​ត្រូវ​ទឹកភ្លៀង​រងា​ញាក់ ស្រាប់​តែមាន​គេ​យក​ឆត្រ​មួ​យមក​ដាក់​ពីលើ​ នៅពេល​អ្នក​កំពុង​ឃ្លាន គេ​ក៏​ឱ្យ​នំប៉័ង​មួយ​កំណាត់​ នៅពេលដែល​អ្នក​ដួល មាន​គេ​ហុចដៃ​ឱ្យ​តោង​ក្រោកឈរ​ឡើងវិញ អំពើ​ល្អ​អាច​ធ្វើបាន​គ្រប់កន្លែង ហើយ​ពេលខ្លះ​មិនចាំបាច់​មាន​អ្វី​សោះ ក៏​អាច​ធ្វើអំពើ​ល្អ​បាន​។

ជួយ​ពេលដែល​គេ​លំបាក មានន័យ​ខ្លាំងណាស់ កុំ​ប្រើពាក្យ​រង់ចាំ​។ អ្នកខ្លះ​គិតថា​តិចពេក មិន​ហ៊ាន​ធ្វើ មិន​ហ៊ាន​ចាប់ផ្ដើម​។ យល់​ខុស​ហើយ បើ​មិន​ចាប់ផ្ដើម​ពី​តិច ក៏​មិន​ស្គាល់​ច្រើន​ដែរ​។ ឡើងជណ្ដើរ មិនអាច​ជាន់ឡើង​ម្ដង ៥​កាំ​ទេ ឡើង​តាម​សម្រួល ទើប​ដល់​គោលដៅ​ដោយ​ស្រួលខ្លួន​។

ទឹកចិត្ត ធនធាន សកម្មភាព សុទ្ធតែ​អាច​ក្លាយទៅជា​អំពើ​ល្អ​បាន​។​ ការរកស៊ី​ក៏​ដូចគ្នា ចំណេះ​ក៏​ត្រូវ​មាន ភាព​ក្លាហាន​ក៏​ត្រូវ​ដើរ​ទន្ទឹមគ្នា គឺ​ចំណេះ​បង្កើត​គម្រោង និង​គោលដៅ ឯ​ភាព​ក្លាហាន បង្កើតជា​សកម្មភាព​។

ជឿ​ខ្ញុំ សិក្សា​ពី​ខ្លួនឯង មើល​អ្នកដទៃ បើ​គេ​ធ្វើបាន យើង​ធ្វើ​មិនបាន តើ​យើង​ខ្វះខាត​អី ត្រូវ​ពង្រឹង​បន្ថែម នោះ​យើង​នឹង​មើលឃើញ​នូវ​ក្ដីសង្ឃឹម​ដែលជា​កម្លាំងចិត្ត​ដ៏​ធំ​មួយ កុំ​ភ្លេច​ថែរក្សា​ខ្លួន​ពី​កូ​វីដ​ផង​បងប្អូន អនុវត្ត ៣​កុំ ៣​ការពារ»៕​

Related posts