ចូលរួម​សោកស្ដាយ! យឿន ពិសី ជួប​ទុក្ខ​ធំ​​ ដោយសារតែ​ភ្លៀង​ល្ងាច​មិញ​នេះ​ បាន​ផ្ដាច់​យក​ជីវិត​…

រំលឹក​ដល់​ឈ្មោះ​យឿន ពិសី​ភ្លាម មហាជន​ច្បាស់​ជា​នឹកឃើញ​ភ្លាម​ថា រូបលោក​ជា​ជន​ពិការភ្នែក ហើយ​ទទួល​បានការ​អាណិត​ស្រឡាញ់​ជាច្រើន​ក្នុង​ពេល​ប្រឡង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក Cambodia’s Got Talent រួម​ជាមួយ​នឹង​សំឡេង​របស់​លោក​ពីរោះ​រណ្ដំ​ផង​នោះ ជាហេតុ​ធ្វើ​ឲ្យ​មហាជន បាន​បោះឆ្នោត​ឲ្យ​លោក​យ៉ាង​ច្រើន​លើស​បេក្ខជន​ដទៃ ​រហូត​ក្លាយ​ជា​ម្ចាស់​ពាន​ដ៏​មាន​សក្ដានុពល​មួយ​នេះ។

ក្រោយមក ​ម្ចាស់​ពានរង្វាន់ Cambodia’s Got Talent រដូវ​កាល​ទី​១ លោក​យឿន ពិសី ​បាន​រក​ឃើញ​ម្ចាស់​បេះ​ដូង ​ឈាន​ទៅ​ដល់​​​​ការ​ថត​Pre-Wedding កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​ ​និង​បាន​ចូល​រោងការ ​កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២១​នេះ ​កន្លង​ទៅ​នេះ ​បង្ក​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នក​គាំទ្រ​នោះ។

ក្រោយ​រៀបការ​រហូតមកដល់​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១ មាន​រយៈពេល​ជាង​៣​ខែ ស្រាប់តែ​យឿន ពិសី ទទួល​បាន​ដំណឹង​ល្អ​មួយ​ធ្វើ​ឲ្យ​រូប​គេ​រំភើប​ស្ទើរ​ហោះ​ ហើយក៏​ប្រកាស​ឲ្យ​អ្នកគាំទ្រ​បាន​ដឹង​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដូច្នេះ​ថា «​យេ យេ ស៊ុប​ប្រាយ​បងប្អូន​ហើយ ខ្ញុំ​មាន​ហើយ ខ្ញុំ​ជិត​បាន​ក្លាយ​ជា​ឪពុក​របស់​កូន​ខ្ញុំ​ហើយ​»​។

ដោយឡែក​ថ្ងៃនេះ យឿន ពិសី បែរជា​មកជួប​ទុក្ខ​ធំ​ទៅវិញ ដោយ​ចែ​របស់​លោក​ត្រូវ​រន្ទះបាញ់​បណ្ដាល​ឲ្យ​ស្លាប់​បាត់​បង់ជីវិត បន្សល់ទុក​នូវ​កូន​តូច​ចំនួន​២​នាក់ ពិតជា​គួរ​ឲ្យ​អាសូរ​ខ្លាំង​ណាស់​។​

យឿន ពិសី បាន​បង្ហោះ​រូបថត​ចែ​របស់​ខ្លួន នៅ​ព្រលប់​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០២១ អម​ដោយ​សារ​យ៉ាង​កម្សត់​ថា «​ចែ​របស់ខ្ញុំ​គាត់​ត្រូវ​រន្ទះបាញ់​ស្លាប់​ល្ងាច​មិញ​មិនគួរណា​មានរឿង​បែបនេះ​កើតឡើង​ទេ

អាសូរ​កូនតូច​ទាំងពីរ​ ដែល​មិនទាន់​ដឹងក្ដី​ឡើយ​បែរជា​មក​ជួប​រឿង​អាណោចអាធ័ម​បែបនេះ​ សូម​ចែ​ទៅកាន់​​​សុគតិភព​ឲ្យ​បាន​ស្ងប់​សុខ​កុំ​អាឡោះអាល័យ​ឡើយណា​ចែ​»។ ពិសី បាន​បញ្ជាក់​បន្ថែម​ក្នុង​ខំមិន​ថា «គាត់​ត្រូវ​ជា​ក្មួយ​របស់​ឪពុកខ្ញុំ​ល្ងាច​មិញ​រន្ទះ​បាញ់​ត្រូវ​ចំ​កណ្ដាល​ដើម​ទ្រូង​គាត់​តែម្ដង»។

តាមរយៈសារខាងលើ ម្ចាស់​ពានរង្វាន់ Cambodia’s Got Talent រដូវ​កាល​ទី​១ លោកយឿន ពិសី មិនបានបញ្ជាក់ថា រឿងនេះ កើតឡើងនៅទីតាំងណានោះទេ តែយឿន ពិសីត្រូវបានគេដឹងថា មានស្រុកកំណើតនៅខេត្តកំពង់ចាម៕

Related posts