ស្លុតចិត្ត! ឃើញ​ដំបូល​ស័ង្កសី​ធ្លាក់​លើ​ផ្លូវ ស្មាន​តែ​ដំបូល​អ្នកណា ​ខំ​សួរ​គេ​, ចូល​ដល់​​​ផ្ទះ​ ទើប​ដឹង​ថា​…

ប្រិយមិត្ត បាន​ជ្រាប​រួចមកហើយ​ថា កាលពី​ល្ងាច​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១​ម្សិលមិញ​នេះ មាន​ភ្លៀងខ្យល់​កន្ត្រាក់ កើតឡើង​នៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​ជាច្រើន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បណ្ដាល​ឲ្យ​ដើមឈើ ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​មួយចំនួន ត្រូវ​រង​ការខូចខាត​។​

ជាក់ស្ដែង​បុរស​ម្នាក់ បាន​ត្រឡប់​ពី​ធ្វើការ​វិញ ឃើញ​ដំបូល​ស័ង្កសី​យ៉ាង​ធំ​នៅលើ​ថ្នល់​ខំ​សួរ​គេ​ថា ដំបូល​ខាង​ណា​ធ្លាក់​មកនេះ ដោយ​មិនដឹងថា​ជា​ដំបូលផ្ទះ​របស់ខ្លួន​ឯង​ឡើយ​។ លុះ​ចូល​ដល់ផ្ទះ ពុទ្ធោ​អើយ ទើប​ដឹងថា នេះ​ជា​ដំបូលផ្ទះ​របស់ខ្លួន​ឯង​សោះ​។​

​បុរស​ម្នាក់ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Na Roth» បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក អម​ដោយសារ​ដូច្នេះ​ថា «​មានទុក្ខ​ធំ​ហើយ​​ចេញពី​ធ្វើការ​មក​ផ្ទះ​ស្រាប់តែ​ឃើញ​ដំបូល​ស័ង្កសី​យ៉ាង​ធំ​នៅលើ​ថ្នល់ ខ្ញុំ​ក៏បាន​សួរ​អ្នកជិតខាង​ថា​ដំបូលផ្ទះ​អ្នកណា​ហោះ​ធ្លាក់​មក​ដោយ​មិនដឹងថា​ជា​ដំបូលផ្ទះ​ខ្លួនឯង​នោះ​ទេ លុះដល់​ពេល​ចូល​ក្នុងផ្ទះ​បានដឹងថា​ជា​ដំបូលផ្ទះ​ខ្លួនឯង​ស្លុតចិត្ត

កូ​វីត​រកលុយ​មិនបាន​ផង​ចឹ​ង​មានតែ​យក​មេឃ​ធ្វើ​ដំបូល​ហើយ សង្ឃឹមថា​លែង​មាន​ភ្លៀង​ចុះ​ចាំ​មាន​លុយ​ធ្វើ​ហើយ​ចាំ​ភ្លៀង​បើ​មិន​ចឹ​ង​ទេ​មានតែ​គេង​ហាលភ្លៀង​ហើយ ឱ​ខ្យល់​អើយ​ធ្វើបាប​ខ្ញុំ​ហើយ​មហា​វេទនា​»​។​

រូបភាព និង​សារ​ខាងលើនេះ ទទួល​បាន​ការចាប់អារម្មណ៍​ជាខ្លាំង ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២១​នេះ មាន​អ្នក​ចែករំលែក​បន្ត​រហូតដល់​ជិត​៦​ពាន់​ដង​, បញ្ចេញមតិ​ជាង​២០០​។ ក្នុងចំណោម​នោះ ក៏​មាន​សប្បុរសជន​មួយចំនួន​ បាន​ជួយ​ជា​ថវិកា​បន្តិចបន្តួច​ដល់​បុរស​កម្សត់​ខាងលើនេះ​ផងដែរ​។​

តាមរយៈ​នេះ​ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុក​ខាងលើ បាន​ធ្វើការ​បង្ហោះ​សារ​ថ្លែង​អរគុណ​ថា «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​ទាំងអស់​ដែល​បាន​ជួយ​ជា​​ថវិកា​ ​ទោះ​តិចក្តី​ច្រើន​ក្តី​ ព្រមទាំង​បងប្អូន​ដែល​បាន​ផ្តល់​កម្លាំងចិត្ត​ជួយ​រំលែក​ទុក្ខ​ក្នុង​គ្រា​ដ៏​លំបាក​នេះ​»៕

Related posts