សរសើរទឹកចិត្ត! ក្រោយទទួលបានតម្លៃពាណិជ្ជកម្មខ្ពស់, តន់ ចន្ទសីម៉ា ប្រកាសឧបត្ថម្ភថវិកាដល់សិល្បៈបុរាណរហូតដល់…

​ក្រោយពី​ចំនួន​អ្នកទស្សនា​MV​បទ​Are You Ok?​របស់ខ្លួន​ច្រើន​លើសលប់​នោះ​, កញ្ញា តន់ ចន្ទ​សី​ម៉ា មាន​សន្ទុះ​ទីផ្សារ​កាន់តែខ្លាំង​ឡើង ដោយ​គ្រាន់តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ នាង ទទួលបាន​ការ​ផ្សព្វផ្សាយ​លើ​ក្រុមហ៊ុន​ធំៗ​ចំនួន​៣​ឯណោះ​។​


​ការទទួលបាន​តម្លៃ​ពាណិជ្ជកម្ម​ខ្ពស់​នេះ តន់ ចន្ទ​សី​ម៉ា ក៏​មិន​ភ្លេច​ឡើយ ក្នុង​ការជួយ​ឧបត្ថម្ភ ដល់​សិល្បៈ​បុរាណ​ដូចជា​ល្ខោនខោល ចាប៉ីដងវែង និង​សមាគម​អ្នកនិពន្ធ​ខ្មែរ​។​ល​។ ជាហេតុ​ធ្វើ​ឲ្យ​មហាជន ដឹងឮ​ហើយ ស្ងើចសរសើរ​នាង​មិន​ស្ទើរ​នោះឡើយ​។​

​តន់ ចន្ទ​សី​ម៉ា បានបញ្ជាក់​ដូច្នេះ​ថា «​នាង​ខ្ញុំ​ពិតជា​រំភើប​គ្មានអ្វី​ប្រៀបផ្ទឹម​បានឡើយ ព្រោះ​ប៉ុន្មាន​ថ្ងៃនេះ សី​ម៉ា ទទួលបាន​ការ​ផ្សព្វផ្សាយ​លើ​ក្រុមហ៊ុន​ធំៗ​ចំនួន​៣ ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​ដែល​មិន​ធ្លាប់​ស្រមៃ​ពីមុនមក​»​។​


សី​ម៉ា បន្តថា «​នាង​ខ្ញុំ​មានតែ​ម្រាមដៃ​ដប់​អរគុណ​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា សម្រាប់​ភាពជោគជ័យ​ដ៏​ធំ​មួយ​នេះ​ក្នុង​ជីវិត​ខ្ញុំ បើ​គ្មាន​ការគាំទ្រ​ពី​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា​ទេ សី​ម៉ា ពិតជា​គ្មាន​ថ្ងៃនេះ​ទេ​»​។​

​ទោះយ៉ាងណា គេ​មិនដឹងថា តម្លៃ​ឈ្នួល ដែល​សី​ម៉ា អះអាងថា មិន​ធ្លាប់​ស្រមៃ​ពីមុន​នោះ​មាន​ចំនួន​ប៉ុន្មាន​នោះទេ ព្រោះ​នាង​មិនបាន​ទម្លាយ​ឲ្យ​ដឹង​ឡើយ​។​

​សូមបញ្ជាក់ថា MV​បទ​Are You Ok?​របស់​កំពូល​តារាចម្រៀង តន់ ចន្ទ​សី​ម៉ា​ចេញ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ហើយ​គិត​រហូតមកដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ មាន​អ្នកទស្សនា​រហូតដល់​៦២​លាន​ដង​ឯណោះ​៕ សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖


Related posts