ភ្នំពេញ ៖ ទោះបីជាបញ្ចប់ការប្រកួតចងចាំលំដាប់ពិភពលោកលើកទី២៨(The 28th World Memory Championships) ដែលបានរៀបចំឡើងនៅក្នុងក្រុង អ៊ូហានប្រទេសចិនដោយមិនទទួលបានជោគជ័យត្រឡប់មកវិញក៏ពិតមែន តែបេក្ខជនរបស់ខ្មែរគឺនិស្សិត ហុង ភារិន នៅតែមានជំនឿលើខ្លួនថា នឹងអាចធ្វើបានពេល ក្រោយខណៈដែលលោកអះអាងដែរថាលោកបានសម្រេចបំណងកាលពី១ឆ្នាំមុនហើយ។
ចំពោះកម្មវិធីប្រកួតការចងចាំលំដាប់ពិភពលោកលើកទី២៨(The 28th World Memory Championships) គឺមានការចូលរួមពីបេក្ខជនប្រមាណជាង៥០០នាក់មកពីប្រទេសជាច្រើនជុំវិញពិភពលោក។ កម្មវិធីប្រកួតបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែធ្នូ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ដែលមានរយៈពេល៣ថ្ងៃ។
បន្ទាប់ពីការបញ្ចប់ព្រឹត្តិការណ៍ប្រកួតនេះនិស្សិត ហុង ភារិន បានរៀបរាប់ពីឆន្ទៈរបស់ខ្លួនថារយៈពេល២៨ឆ្នាំនៃការបង្កើតកម្មវិធីប្រកួតការចងចាំពិភពលោក មិនទាន់មានខ្មែរនាំយកទង់ជាតិមកដល់វេទិកានេះទេ។ នេះជាបំណងរបស់ខ្ញុំតាំងពីជាង១ឆ្នាំមុនម្ល៉េះ ថ្ងៃនេះបានបំពេញបំណងខ្លួនឯងចប់សព្វគ្រប់ហើយ ចប់ភារកិច្ចហើយ ត្រលប់ទៅរៀនវិញ។
គួររម្លឹកថា និស្សិត ហុង ភារិន កន្លងមកបានបង្ហាញសមត្ថភាពនិងទេពកោសល្យនៃការចងចាំរបស់ខ្លួននៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើនទូទាំងប្រទេស ហើយត្រូវបានគេហៅថាជា «អច្ឆរិយកម្ពុជា» ទៀតផង៕