ភ្នំពេញ ៖ តារាសម្ដែងវិវឌ្ឍខ្លួនទៅជាអ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីកញ្ញា ដេននីក្វាន់ បានបញ្ចេញប្រយោគប៉ុន្មានឃ្លានៅលើគណនីហ្វេសប៊ុករបស់ខ្លួន បង្កការចាប់អារម្មណ៍ និងធ្វើឲ្យអ្នកគាំទ្រនាងពេញចិត្តស្ដូក ជាមួយនឹងប្រយោគចាក់ដោតទាំងនេះ។
តារាសម្ដែង ដែលជាប់ងាជារាជិនីចិត្តធម៌ម្នាក់នេះ បានលើកឡើងដូច្នេះថា «កន្លែងខ្លះយើងគ្រាន់តែស្នាក់នៅប៉ុន្មានថ្ងៃ ហើយក៏ចាកចេញទៅវិញ តែកន្លែងខ្លះទៀតទោះជាយើងចាកចេញទៅដល់ទីណា យើងក៏ត្រូវតែត្រលប់មកវិញ។ មនុស្សខ្លះយើងគ្រាន់តែជួប ញញឹមដាក់គ្នា សន្ទនាប៉ុន្មានម៉ាត់ហើយក៏ដើរហួសទៅ តែមនុស្សខ្លះទៀត ទោះជាចាកចេញទៅដល់ទីណាក៏នៅតែចាំយើង។ អ៊ីចឹងរឿងខ្លះ ត្រូវចេះទម្លាក់ចោល ហើយឱកាសខ្លះទៀតត្រូវចេះចាប់យក បើចង់ដើរទៅមុខលឿន ចូរសម្លឹងមើលខ្លួនឯងដែលឈរនៅខាងមុខ ជាជាងការស្ពាយយករឿងខ្លះដែលវាមិនអាចជួយអ្វីយើងបាន។
ជាមួយនឹងប្រយោគចាក់ដោតខាងលើនេះ បានធ្វើឲ្យអ្នកគាំទ្រនាងជាច្រើន មានការចាប់អារម្មណ៍ និងសរសើរថា ពិតជាត្រូវខ្លាំងណាស់ទៅនឹងសង្គមមនុស្សបច្ចុប្បន្ន។ ចំណែកអ្នកខ្លះទៀត ក៏កើតជាចម្ងល់ថាហេតុអ្វីសុខៗនាងផុសប្រយោគទាំងនេះឡើង ព្រោះមុននឹងបង្ហោះប្រយោគនេះ នាងបានបង្ហោះសារយ៉ាងខ្លីថា ក្ដៅចិត្តទាំងយប់។ ទោះមានអ្នកគាំទ្រសួរនាំថា តើនាងកើតអី យ៉ាងណាក៏ដោយ នាងពុំបានឆ្លើយទៅនឹងសំណួរដើម្បីស្រាយចម្ងល់របស់អ្នកគាំទ្រនាងនោះឡើយ៕