ភ្នំពេញ ៖ តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatraលោក ខេម កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០យប់មិញនេះ បានប្រកាសបើកសម្ពោធភោជនីយដ្ឋានរបស់ខ្លួនជាផ្លូវ ដែលចំណាយដើមទុនអស់រហូតប្រមាណ២០ម៉ឺនដុល្លារមានទីតាំងជិតខ្លោងទ្វារវត្តសំរោងអណ្តែត ដែលមានយីហោឈ្មោះថា T & Y។
នាពិធីសម្ពោធហាងរបស់តារាសំឡេងស្អកលោក ខេម នោះដែរ រឿងដែលធ្វើឲ្យអ្នកសិល្បៈ និងភ្ញៀវអញ្ជើញចូលរួមភ្ញាក់ផ្អើលទៀតនោះគឺក៏មានការបង្ហើបថានារីរូបស្រស់ជាអនាគតភរិយា លោកក៏មានវត្តមានក្នុងកម្មវិធីសម្ពោធនេះផងដែរ ខណៈនាងទើបធ្វើដំណើរមកពីប្រទេសបារាំងជាង១ឆ្នាំកន្លងមកហើយទៀតផង។
ប្រភព បានបន្តទៀតថា នារីរូបស្រស់គូស្នេហ៍លោក ខេម មានឈ្មោះ ស្រីកា និងមានអាយុប្រមាណ៣០ឆ្នាំ ហើយមានរូបសម្រស់ស្រស់ស្អាតមិនចាញ់តារាសម្តែងឡើយ។ ជាមួយគ្នានៃការបង្ហើបនេះដែរ សម្រាប់សាមីខ្លួនលោក ខេម បានឆ្លើយសារភាពថា ខ្លួនពិតជាបានភ្ជាប់ចំណងស្នេហ៍ជាមួយនារីម្នាក់ ដែលជាអាណិកជននៅប្រទេសបារាំងមែនប៉ុន្តែគឺពុំមែនជាអ្នកសិល្បៈឡើយ។
លោកថា សម្រាប់ទំនាក់ទំនងនេះរវាងលោកនិងគូស្នេហ៍បានចាប់ផ្តើមឡើងមានរយៈពេល៥ឆ្នាំកន្លងមកហើយ ពោលគឺក្រោយពីលោកបានចេញទៅច្រៀងរាំនៅទីនោះគ្រាន់តែមិនទាន់រកពេលវេលាដើម្បីបង្ហាញមហាជនជាសាធារណៈ ឬពេលវេលារៀបមង្គលការជាក់លាក់ណាមួ យនោះទេបើទោះបីជាច្បាស់លាស់ជាមួយគ្នាទៅហើយក្តី។
ម្យ៉ាងទៀតលោកក៏មិនមានគម្រោ ងចេញទៅរស់នៅប្រទេសបារាំងឡើយ ហើយការបើកដំណើរការអាជីវកម្មថ្មីនេះនឹងជាក្លាយជាមុខរបរលំនឹងមួយសម្រាប់លោកនិងអនាគតភរិយា។
សូមបញ្ជាក់ថា ហាងរបស់លោក ខេម គឺមានទីតាំងស្ថិតនៅជិតខ្លោងទ្វារវត្តសំរោងអណ្ដែតដែលមានយីហោឈ្មោះថា T & Y។ ហាងនេះគឺចាយទុនអស់ប្រមាណ២០ម៉ឺនដុល្លារអាមេរិក និងមិនមានការរួមចំណែកពីអនាគតភរិយានោះឡើយ ខណៈរំពឹងថា ក្រោយពីបើកដំណើរការអាជីវកម្មនេះ នឹងទទួលបានគាំទ្រច្រើនពីទស្សនិកជនផងដែរ៕