ក្រុមបាល់ទាត់​ចម្រុះ​តារាៗ​របស់​ផលិតកម្ម​មហាហង្ស​ យកឈ្នះ​ក្រុម​នាយ ពែ​កមី ក្នុងជំនួប​លើកដំបូង

ភ្នំពេញ​៖ ក្រុមបាល់ទាត់​តារាៗ​របស់​នាយ ពែ​កមី និង​ក្រុមបាល់ទាត់​ដែល​ចម្រុះ​ដោយ​តារាៗ​របស់​ផលិតកម្ម​មហាហង្ស​កាលពី​ល្ងាច​ថ្ងៃទី ២៦​ខែ មិថុនា ឆ្នាំ​២០២០​បាន​ប៉ះគ្នា​ជា​លើកដំបូង ដោយ​បញ្ចប់​ការប្រកួត​ក្រុម​នាយ ពែ​កមី ដែលជា​ក្រុម​បង្កើត​មុន​និង​ល្បីឈ្មោះ​ជា​យូរ​មកហើយ​នោះបាន​ក្លាត​ជា​អ្នកចាញ់​យ៉ាង​អាម៉ាស់​នៅក្នុង​តារាង​របស់​វិទ្យាល័យ​ឥន្ទ្រ​ទេវី​។

ថ្វីត្បិតតែ​ជាតា​រា​តែ​ក្នុង​វិស័យ​បាល់ទាត់​ពាក់កណ្ដាល​អាជីព​ក្រុមបាល់ទាត់​មហាហង្ស​ដែលមាន​ឈ្មោះ​ជា​ផ្លូវការ​ថា Mahahang All Stars FC និង​ក្រុម​របស់​នាយ ពែ​កមី ដែលមាន​ឈ្មោះថា Pekmi FC គឺជា​ក្រុមបាល់ទាត់​ដែលមាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ដោយមាន​ប្រវត្តិ​យកឈ្នះ​លើ​ក្រុម​ជាច្រើន​។​ប៉ុន្តែ​ក្រុម​តារា​ទាំងពីរ​ក្រុម​មិន​ធ្លាប់​ជួបគ្នា​នោះទេ​ហើយ​មាន​ព័ត៌មាន​ថា​ក្រុម​នាយ ពែ​កមី ប៉ង​ចង់​ប្រកួត​ជាមួយ​ក្រុម​នេះ​តាំងពី​២​ឆ្នាំមុន​មក​ម្ល៉េះ​។

យោងតាម​ការ​បង្ហោះ​រប​ស់លោក ពែ​កមី បាន​លើកឡើងថា “​ថ្ងៃនេះ​ចាញ់​ក្រុម​ហា​ហង្ស ត្រូវ​មួយ​កែង​ប៉ោង​ភ្នែក​ទៀត​”​។ ងាក​ទៅ​មើល​ផេ​ករ​បស់​ផលិតកម្ម​មហាហង្ស ក៏​បង្ហាញ​ពី​ការអបអរសាទរ​ចំពោះ​ជ័យជម្នះ​របស់ខ្លួន​លើ​ក្រុម​នាយ ពែ​កមី ដែលជា​ក្រុម​ខ្លាំង​និង​ស្ទើរតែ​ក្លាយជា​ក្រុម​អាជីព ដោយសារ​តែមាន​កីឡាករ​ខ្លាំងៗ​នៅក្នុង​នោះ​ផងដែរ​។ ប្រភពពី​អ្នកទស្សនា បាន​ទម្លាយ​មក​ថា មុន​បញ្ចប់​ការប្រកួត ក្រុម​ទាំងពីរ​មិន​ត្រឹមតែ​ប្រឹង​ស្វិតស្វាញ​ក្នុងការ​ស្វែងរក​គ្រាប់​បាល់​ប៉ុណ្ណោះ​ទេ តែ​ក៏​មានការ​ប៉ះ​ទ​ង្កិ​ច​គ្នា​បន្តិច​បន្តូច​ផងដែរ​។

លោក អ៊ិន សុ​ភិន មិនទាន់​អាច​សុំ​ការបកស្រាយ​បន្ថែម​លើ​ជ័យជម្នះ​នេះ​ទេ ប៉ុន្តែ​គេ​មើលឃើញថា ឱកាស​យកឈ្នះ​លើ​ក្រុម​នាយ ពែ​កមី គឺ​ការបង្កើន​មុខមាត់​កាន់តែខ្លាំង​របស់​ក្រុម​នេះ បន្ទាប់ពី​ក្រុម​មហាហង្ស​បាន​ប្រមូល​តារា​អោយ​ក្លាយជា​កីឡាករ ហើយ​យកឈ្នះ​លើ​ក្រុម​ជាច្រើន​នៅក្នុង​វិស័យ​បាល់ទាត់​។​

ផ្អែក​តាម​ការប្រកួត​ជាក់ស្ដែង ក្រុម​ទាំងពីរ​ក៏​ប៉ះគ្នា​ខុស​បច្ចេកទេស​ខ្លះៗ​ផងដែរ ខណៈដែល​ក្រុម​មហាហង្ស​ត្រូវគេ​កត់សម្គាល់ថា លេង​ត្រូវ​បច្ចេកទេស​បានល្អ​លើកលែងតែ​ក្រុម ពែ​កមី ដែលមាន​កីឡាករ​ខ្លះ​លេង​ប្រើ​កម្លាំង ក្រោយពេល​ព្យាយាម​តាមរក​គ្រាប់​បាល់​មិនទាន់​។ គូ​ក្រុម​នេះ មិនដឹងថា​នឹង​បើកឆាក​ប៉ះគ្នា​ជា​លើក​ទី​២​ពេលណា​នោះទេ ប៉ុន្តែ​យោងតាម​កីឡាករ​មួយរូប​របស់​មហាហង្ស​ដែល​និយាយ​សុំ​មិន​ប​ញ្ជេ​ញ​ឈ្មោះ​បាន​បញ្ជាក់ថា ក្រុម​មហាហង្ស​នឹង​អាច​មិន​លែង​ជាមួយ​ក្រុម​នាយ ពែ​កមី ទៀត​នោះទេ ដោយ​អះអាងថា ក្រុម​ពែ​កមី​លេង​ប្រើ​កម្លាំង​នៅ​អំឡុង​នាទី​ជិត​ចប់ ធ្វើអោយ​កីឡាករ​ខ្លះ​ក្នុង​ក្រុម​មហាហង្ស​អន់ចិត្ត​៕​

Related posts