ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី២១ ខែតុលានេះ បានថ្លែងលើកសរសើរឧកញ៉ាវ័យក្មេងឡេង ណាវ៉ាត្រា ដែលបានចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាលនូវថវិកាចំនួន៦០ម៉ឺនដុល្លារ ព្រមទាំងនាំយកអំណោយអង្ករ៥០តោន ហើយបានដឹកនាំសិល្បៈៗដូចជា ៖ ព្រាប សុវត្ថិ ខេម តន់ ចន្ទសីម៉ា អ៊ុក សុវណ្ណារី ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា “ការពិតលោកឧកញ៉ាឡេង ណាវ៉ាត្រា បានធ្វើដំណើរត្រឡប់មកវិញហើយ ដោយសម្រាកនៅឯខេត្តសៀមរាប បន្ទាប់ពីដឹកនាំក្រុមតារាចម្រៀងល្បីៗមកចែកអំណោយជូនពលរដ្ឋ ប៉ុន្តែសម្ដេចក៏បានបបួល មកចូលរួមកម្មវិធីចែកអំណោយនេះ។” គេជួយ៦០ម៉ឺនដុល្លារឧកញ៉ាវ័យក្មេងរូបនេះ ជួយដល់៦០ម៉ឺនដុល្លារឯណោះ រួចគេដឹកអង្ករ៥០តោន មកចែកជូនពលរដ្ឋនៅខេត្តបន្ទាយមានជ័យទៀត ចឹងហើយគេត្រឡប់ទៅដល់សៀមរាបក៏ហៅមកជាមួយទៅ”។
ការថ្លែងលើកសរសើរបែបនេះគ្រាដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្ត បន្ទាយមានជ័យនាព្រឹកថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២០នេះ។
ទទឹមគ្នានោះដែរ សម្ដេចក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាល បើគិតត្រឹមម៉ោង១១និង២៩នាទីព្រឹក ថ្ងៃទី២០ខែតុលាឆ្នាំ២០២០នេះថវិកាទទួលបាន ៧,១៧០,៥៤៩ដុល្លារ ,ប្រាក់រៀល ៦២៧,០២៥ ,០០០រៀល ,លុយអឺរ៉ូ ៥.០០០€ (ប្រាំពាន់អឺរ៉ូ)និងអង្ករ ១០០តោន។
ក្នុងចំណោមឧកញ៉ាល្បីៗ ដែលជាម្ចាស់ក្រុមហ៊ុនជាច្រើនរូប បានចូលរួមបរិច្ចាគថវិកា គេឃើញថាលោកឧកញ៉ា ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រាគ្រុប បានចូលរួមបរិច្ចាគ ថវិកាជូន៦០ម៉ឺនដុល្លារដែលជាចំនួនដ៏ច្រើនជាងគេ។
សូមបញ្ជាក់ផងដែរថា លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា កាលពីម្សិលមិញនេះបានដឹកនាំតារាចម្រៀងរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា ជាច្រើនរូបង បានបង្ហាញវត្តមានជាមួយប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកអង្គរបូរី ខេត្តបន្ទាយមានជ័យ។
តារាចម្រៀងល្បីៗទាំងនោះរួមមាន៖លោក ព្រាប សុវត្ថិភាព, ខេម, កញ្ញា តន់ ចន្ទសីម៉ា និងកញ្ញា អ៊ុក សុវណ្ណារី ដែលដឹកនាំដោយលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា រួមជាមួយអំណោយជាអង្ករ ចំនួន៥០តោន និងគ្រឿងឧបភោប ជាច្រើនថែមទៀតផងដើម្បីចែកជូនដល់ពលរដ្ឋដែលកំពុងទទួលរងគ្រោះ។ សកម្មភាពនេះ បានធ្វើឲ្យមហាជន កោតសរសើរនៅទឹកចិត្តមនុស្សធម៌នេះជាខ្លាំង ពិសេសនោះ គឺសម្ដេចតែម្ដង បានលើកសរសើរចំពោះមុខតែម្ដង៕